ថ្ងៃនេះជាថ្ងៃអាសាឡ្ហបូជា ហើយក៏ជាថ្ងៃដើមដំបូងនៃខែសីហាដែរ។ សប្ដាហ៍មុន ខ្ញុំគិតថា វាជាការល្អណាស់បើខ្ញុំអាចមានពេលចូលរ...
ល្ងាចនេះ ខ្ញុំនឹងមិត្តខ្ញុំបានទៅរៀនដូចសព្វដង។ យើងបានទទួលដំណឹងថា លោកសាស្ត្រាចារ្យមានធុរៈ ពុំអាចមកបង្រៀនបាននោះទេ។ គួរឲ្យស្ដាយមែន បើដឹងមុនថាថ្ងៃនេះមិនរៀន ខ្ញុំនឹងអាចចូលរួមពិធីបុណ្យអាសាឡ្ហបូជាដូចការគិតទុកបាត់ទៅហើយ។ ណ្ហើយ! ក៏មិនអីនោះដែរ ព្រោះថាខ្ញុំក៏អាចមានពេលច្រើន ដើម្បីសរសេររៀបរាប់ពីអារម្មណ៍ និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ខ្ញុំបានច្រើនបន្តិចដែរ។
មុនពេលទៅសាលានាពេលល្ងាចនេះ ខ្ញុំបាននិយាយនឹងមិត្តរួមការងាររបស់ខ្ញុំថា ឆ្នាំនេះជាឆ្នាំដែលខ្ញុំបានខ្ជះខ្ជាយពេលវេលាយ៉ាងច្រើនបំផុតសម្រាប់ជីវិតរបស់ខ្ញុំ។ ស្ដាប់ទៅវាហាក់ដូចជាឆ្នាំនេះមានសភាពអាក្រក់ខ្លាំងណាស់សម្រាប់ខ្ញុំ។ តែខ្ញុំគិតថា វាមិនអាក្រក់ពេកនោះទេ។ បើគិតបែបសុទិដ្ឋិនិយមបន្តិច ឆ្នាំនេះជាឆ្នាំដែលខ្ញុំមានឱកាសរៀនសូត្រ ជាជាងការបង្កើតសមិទ្ធផលសម្រាប់ជីវិត។ វាពិតជាមិនអាក្រក់ពេកនោះទេ! ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ខ្ញុំធ្វើមិនបានល្អ ហើយខ្ញុំមានចំណុចខ្វះខាតច្រើនដែលត្រូវខិតខំបំពេញបន្ថែម។
ក្នុងអត្ថបទមុន ខ្ញុំនិយាយថា ខ្ញុំនឹងដោះស្រាយបញ្ហាឲ្យបានល្អ និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ តែខ្ញុំពិតជាមិនបានធ្វើដូចអ្វីដែលខ្ញុំបាននិយាយនោះទេ។ អ្វីៗគ្រប់យ៉ាងនៅតែបន្តអូសបន្លាយ ពុំទាន់រកចំណុចបញ្ចប់ឃើញនោះទេ។
ចុងសប្ដាហ៍កន្លងទៅនេះ ខ្ញុំបានចំណាយពេលយ៉ាងច្រើនជាមួយបណ្ដាញសង្គម។ ខ្ញុំយល់ថា អារម្មណ៍និងចិត្តគំនិតរបស់ខ្ញុំវាមានសភាពល្ហល្ហេវខ្លាំងណាស់។ វាល្ហល្ហេវពេកដល់ថ្នាក់ខ្ញុំគិតថា ខ្ញុំគួរតែចប់ផ្ដើមធ្វើអ្វីម្យ៉ាង។
យប់មិញ ខ្ញុំបានប្ដេជ្ញាថា ខ្ញុំនឹងចាប់ផ្ដើមក្រោកពីព្រលឹមឡើងវិញ ហើយខ្ញុំនឹងចាប់ផ្ដើមថ្ងៃថ្មីឲ្យបានល្អ ដូចអ្វីដែលខ្ញុំធ្លាប់បានធ្វើមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ខ្ញុំចាត់ទុកថា ថ្ងៃនេះជាថ្ងៃដំបូងដែលខ្ញុំចាប់ផ្ដើមកែប្រែសម្រស់នៃឆ្នាំ២០២៣នេះឲ្យមានភាពស្រស់បំព្រងភ្លឺថ្លាឡើងវិញ។ ខ្ញុំបានព្យាយាមហើយ! ថ្វីបើថ្ងៃនេះមិនមែនជាថ្ងៃដែលល្អឥតខ្ចោះ (ព្រោះក្នុងថ្ងៃនេះ រឿងខ្លះខ្ញុំធ្វើបានល្អ ហើយរឿងខ្លះទៀតខ្ញុំនៅតែធ្វើមិនបានល្អ) តែខ្ញុំនៅតែយល់ថា ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមដ៏ល្អឥតខ្ចោះសម្រាប់ជីវិតខ្ញុំក្នុងឆ្នាំ២០២៣នេះ។
និយាយជារួម ថ្ងៃនេះ ខ្ញុំហាក់មានអារម្មណ៍ល្អប្រសើរច្រើន។ ខ្ញុំបានធ្វើតាមអ្វីដែលខ្ញុំតាំងចិត្តថានឹងធ្វើ។ ខ្ញុំធ្វើការងារបានច្រើន, ខ្ញុំគិតវិជ្ជមានបានច្រើនជាងគិតអវិជ្ជមាន, ខ្ញុំបានចាប់ផ្ដើមយ៉ាងល្អបំផុត!
ការចាប់ផ្ដើមក្នុងថ្ងៃនេះ ធ្វើឲ្យខ្ញុំមើលឃើញពិភពលោកនេះបានកាន់តែច្បាស់ និងបានយល់ដឹងច្រើនពីមេរៀនជីវិតដែលពិភពលោកនេះបានផ្ដល់ឲ្យខ្ញុំ។
COMMENTS